មានករណីពស់ស្រការចាស់ បានចឹកស្ត្រីម្នាក់ ដែលកំពុងច្រូតស្រូវ នៅវាលស្រែ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ដោយឡែកនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ មានករណីពស់ស្រការចាស់បានចឹកទៅលើបុរសម្នាក់ នៅពេលដែលគាត់កំពុងដើរលើភ្លឺស្រែ មើលកូនភ្ជួរស្រែ ប៉ុន្តែបុរសរូបនេះ ត្រូវបានក្រុមគ្រួសារ និង ក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា អាចឱ្យគាត់រួចផុតពីសេចក្តីស្លាប់ ។
នៅលើគណនីហ្វេសប៊ុកមួយ ឈ្មោះ Na Na បានបង្ហោះរូបភាព និង សរសេរថា ម្នាក់ទៀតហើយ បុរសម្នាក់ទៅភ្ចូរស្រែត្រូវពស់ស្រកាចាស់ចឹកបណ្តាលឱ្យប្រកាច់ តែសំណាងបានក្រុមគ្រួសារដឹកបញ្ជូនដល់មន្ទីរពេទ្យជួយសង្រ្គោះបានទាន់ពេលវេលា ។
ហេតុការណ៍នេះ កេីតឡេីងនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បុរសរងគ្រោះមានឈ្មោះ ឡោម ញឹប អាយុ៥០ឆ្នាំ ត្រូវបានពស់ស្រកាចាស់ចឹកបណ្តាលឱ្យដួលប្រកាច់លើភ្លឺស្រែ ខណៈដែលបុរសរងគ្រោះកំពុងដើរលើភ្លឺស្រែមើលកូនប្រុសភ្ជួរស្រែ !! ។
នៅលើគណនីហ្វេសប៊ុកដដែលបានសរសេរសារចែករំលែកពីវិធីជួយសង្គ្រោះនៅពេលដែលលោកអ្នកមានបងប្អូនត្រូវសត្វពស់ចឹកឱ្យរួចផុតពីសេចក្តីស្លាប់ថា កន្លែងដែលពស់ចឹកនោះ ត្រូវតែព្យាបាល ដោយការសង្កត់ស្អំទឹកក្តៅឧណ្ហៗ ហើយអ្នកជំងឺគួរញ៉ាំទឹកឱ្យបានច្រើន ។
ហាមដាច់ខាតភេសជ្ជៈដូចជា កាហ្វេ តែ ឬ ភេសជ្ជៈប៉ូវកម្លាំងត្រូវតែចៀសវាង ព្រោះវាអាចធ្វើឱ្យសរសៃឈាមរីកធំ និង អំណោយផលដល់ជាតិពិសចូលក្នុងចរន្តឈាមកាន់តែស្រួល ។ ជនរងគ្រោះមិនគួរណាភ័យ ឬ ព្យាយាមរត់ឡើយ ព្រោះវាអាចធ្វើឱ្យជាតិពុលសាយភាយពេញរាងកាយបាន ។
កន្លែងដែលពស់ចឹកត្រូវតែកុំឱ្យមានចលនា ហើយក៏គួរតែរកខ្សែចងរឹតដែរ ជាពិសេសនៅពេលស្ថិតក្នុងព្រៃតែម្តង ។ ចំពោះការចងរឹតនេះ គួរធ្វើឱ្យប្រុងប្រយ័ត្ន ព្រោះវាអាចនាំឱ្យរបួសខូចខាតលើសដើមទៀត ។ គោលបំណងនៃការធ្វើបែបនេះគឺដើម្បីបន្ថយលំហូរជាតិពិសចូលពេញខ្លួន ។ យ៉ាងណាមិញ ក្រោយពីពស់ចឹករួច អ្នកជំងឺត្រូវតែបញ្ជូនទៅមន្ទីរពេទ្យភ្លាមដើម្បីព្យាបាលបានត្រឹមត្រូវ ៕ អត្ថបទ៖ pressnews