អាមេនី៖ សម្រាប់មនុស្សមួយចំនួន ទឹកភ្នែកអាចមានប្រយោជន៍ក្នុងការ រំសាយអារម្មណ៍អវិជ្ជមាន ភាពសោកសៅ និងការឈឺចាប់ ប៉ុន្តែសម្រាប់ស្ត្រីរូបនេះវិញ ទឹកភ្នែកបែរជាដើមហេតុ ធ្វើឲ្យជីវិតទាំងមូលរបស់នាងរងទុក្ខទៅវិញ ។
រឿងនេះបានកើតឡើងនៅក្នុងប្រទេសអាមេនី ស្ត្រីអាយុ ២២ ឆ្នាំ មានឈ្មោះថា “Satenik Kazaryan” ត្រូវបានគេរកឃើញថា មានទឹកភ្នែកហូរចេញមកជាដុំរឹងពណ៌សថ្លា ស្រដៀងនឹងគ្រាប់គ្រីស្តាល់តូច ។
Satenik នាងរស់នៅក្នុងភូមិ Spandaryan ក្នុងប្រទេសអាមេនី ជាលើកដំបូងដែលនាងបានរកឃើញមិនប្រក្រតី គឺនៅពេលនាងទៅជួបពេទ្យធ្មេញ។
“ខ្ញុំមានអារម្មណ៍ថា ដូចជាមានធូលីចូលក្នុងភ្នែករបស់ខ្ញុំ ប៉ុន្តែវាឈឺចាប់ខ្លាំងណាស់ រហូតខ្ញុំសំរេចចិត្តទៅជួបគ្រូពេទ្យភ្នែក ។ គ្រូពេទ្យនិយាយថា មានគ្រាប់គ្រីស្តាល់តូចៗ នៅខាងក្នុងស្រដៀងនឹងកញ្ចក់ភ្នែក ហើយនៅពេលដែលដកវាចេញ វាក៏នឹងលេចចេញមកទៀត។ ម្លោះហើយសព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ដូចជាត្រូវស៊ូទ្រាំរស់នៅក្នុងនរកអញ្ចឹង” ។
ដំបូងឡើយ នៅពេលសាច់ញាតិរបស់នាង មើលឃើញគ្រាប់គ្រីស្តាល់ទាំងនោះ ពួកគេបានគិតថាវាប្រហែលជាបំណែកកញ្ចក់ ឬបំណែកកែវចូលក្នុងភ្នែករបស់នាង ប៉ុន្តែនៅពេលដកចេញវានៅតែចេញមកទៀត ដូច្នេះពួកគេក៏បាននាំនាងទៅជួបគ្រូពេទ្យ។
នៅពេល គ្រូពេទ្យបានឃើញ Satenik លើកដំបូងពួកគេមិនជឿទេថានេះជាការពិតពួកគេគិតថា នាងប្រឌិតរឿងឡើងមកដើម្បីទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែនៅពេលព្យាយាមពិនិត្យមើលវាឱ្យបានហ្មត់ចត់ ក្រុមគ្រូពេទ្យស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
Tatyana Shilova អ្នកជំនាញខាងរោគភ្នែកជនជាតិរុស្ស៊ីបានបង្ហើបប្រាប់ថា ស្ថានភាពរបស់ Satenik គឺជាអ្វីដែលគាត់មិនធ្លាប់ឃើញពីមុនមក ដូច្នេះវាពិបាកក្នុងការសន្មត់ណាស់។
គាត់បានអត្ថាធិប្បាយថា “គ្រីស្តាល់នៅក្នុងភ្នែករបស់ Satenik ប្រហែលជាទឹកភ្នែករបស់នាង ។ វាអាចបណ្តាលមកពីការផ្លាស់ប្តូរហ្សែន មេរោគឆ្លង ឬអាចមកពីស្ថានភាពរាងកាយរបស់អ្នកជំងឺ ដែលមានភាពខុសប្លែកពីធម្មជាតិ។ នៅក្នុងទឹកភ្នែកទាំងនេះ យើងរកឃើញបរិមាណប្រូតេអ៊ីន និងខ្លាញ់ច្រើន ដែលប្រសិនបើកំហាប់ជាតិអំបិលកើនឡើង វាក៏អាចជាមូលហេតុធ្វើឱ្យទឹកភ្នែករឹងទៅជាគ្រីស្តាល់ក៏ថាបាន” ។
តែទោះជាយ៉ាងណា វេជ្ជបណ្ឌិត Tatyana បានសន្និដ្ឋានថា អាការៈនេះអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរជាងនេះ វាមិនមែនកើតឡើងត្រឹមតែនៅក្នុងក្រពេញទឹកភ្នែកទេ ផ្ទុយទៅវិញវាអាចបណ្តាលមកពីបញ្ហាថ្លើម ឬតំរងនោម ប្រសិនបើដូច្នោះមែន អ្នកជំងឺអាចមានហានិភ័យខ្ពស់ថែមទៀត។
ប៉ុន្តែបើតាម គំរូទឹកភ្នែកដែលត្រូវបានគេនាំយកទៅពិនិត្យ វាបែរជាមិនបានបង្ហាញពីភាពមិនប្រក្រតីណាមួយឡើយ វាធ្វើឱ្យគ្រូពេទ្យជាច្រើនទាល់តម្រិះណាស់ ។
ក្រុមគ្រូពេទ្យបានស្នើឱ្យ Satenik ចេញទៅព្យាបាលនៅបរទេស ដើម្បីអាចកំណត់មូលហេតុបានលម្អិតជាងនេះ ប៉ុន្តែដោយសារតែស្ថានភាពជាកសិករ Satenik មិនមានដើមទុនធ្វើដំណើរទេ ។
លុះនៅពេលដែលបញ្ហាខាងលើត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ឮដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសអាមេនី ក៏បានសំរេចចិត្តទទួលយកករណីនេះ ជាករណីសិក្សា និងតស៊ូដើម្បីកំណត់ឱ្យបានច្បាស់នូវមូលហេតុនៃបញ្ហានេះ។
តែសព្វថ្ងៃនេះ ការស្វែងរកមូលហេតុនៅមិនទាន់រីកចម្រើនទៅមុខនៅឡើយទេ ហើយអាការៈទឹកភ្នែកប្រែក្លាយទៅជាដុំគ្រីស្តាល់ សម្រាប់ Satenik នៅតែជាការឈឺចាប់នៅឡើយ នាងបានតែសង្ឃឹមថានៅថ្ងៃអនាគត ខាងវិទ្យាសាស្ត្រ ឬវេជ្ជសាស្ត្រទំនើប អាចនឹងជួយនាងឲ្យផុតពីទុក្ខលំបាកនេះបាន ៕ ប្រភព៖ Daily Mail
សូមទស្សនាវីដេអូខាងក្រោម៖