នេះជារឿងដ៏ភ្ញាក់ផ្អើល និងមិននឹកស្មាន គ្រាដែលអ្នកយកព័ត៌មានទូរទស្សន៍អេក្វាឌ័រម្នាក់ និងក្រុមកាមេរ៉ារបស់គាត់ ព្រលឹងស្ទើរស៊ីព្រលិត ខណៈកំពុងផ្សាយបន្តផ្ទាល់សុខៗ ស្រាប់តែលោកចោរប្លន់ម្នាក់ ដើរចូលមកភ្ជប់កាំភ្លើងប្លន់យ៉ាងស្រស់ៗតែម្តង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ លោក Diego Ordinola អ្នកកាសែតរបស់ DirecTV Sports របស់អេក្វាឌ័រ បានកំពុងរាយការណ៍ព័ត៌មានពីខាងក្រៅពហុកីឡដ្ឋាន Isidro Romero Carbo Monumental ដែលជាទីកន្លែងរបស់ក្លឹបបាល់ទាត់ Barcelona SC នៅពេលនោះក៏ស្រាប់តែបុរសម្នាក់ពាក់មួកនិងម៉ាស់ បានដើរចូលមក ហើយដកកាំភ្លើងខ្លីកាំភ្លើងភ្ជង់ពួកគេតែម្តង។
ជនល្មើសដែលពាក់ម៉ាស់ អាចត្រូវបានឮសួររកទូរស័ព្ទពីក្រុមអ្នកសារព័ត៌មាននោះ ហើយភ្លាមៗនោះ ម្នាក់ក្នុងចំណោមពួកគេ បានប្រគល់ទូរស័ព្ទស្មាតហ្វូន១គ្រឿងឲ្យ ហើយចោរប្រដាប់អាវុធនោះក៏រត់ចេញពីកន្លែងកើតយ៉ាងលឿន ដែលធ្វើឲ្យពួកគេមានការតក់ស្លុតជាខ្លាំង។
Diego Ordinola បានសរសេរចំណងជើងវីដេអូនៅលើបណ្តាញសង្គម Twitter ថា៖ «យើងពិតមានការភ័យខ្លាចពីអាយុជីវិតជាខ្លាំងនៅពេលនោះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១ រសៀល នៅខាងក្រៅ Estadio Monumenta»។
គួរបញ្ជាក់ថា បន្ទាប់ពីចោររូបនោះបានប្លន់យកទូរស័ព្ទរួច ភ្លាមៗនោះ អ្នកកាន់កាមេរ៉ាបានចាប់ផ្តើមដើរដេញតាម ហើយក្រោយមកបានថតចោរនោះកំពុងតែអង្គុយជិះនៅពីក្រោយម៉ូតូ១គ្រឿង ដែលជាបក្ខពួករបស់ខ្លួន បើកចាកចេញយ៉ាងលឿន។
Ordinola ក្រោយមកបានប្រើ Twitter ម្តងទៀត ដើម្បីថ្លែងអំណរគុណដល់ប្រជាជន ចំពោះសារគាំទ្ររបស់ពួកគេ ដោយបញ្ជាក់បន្ថែមថា ប៉ូលីសបានប្តេជ្ញាតាមចាប់ចោរប្លន់នោះហើយ ដើម្បីនាំខ្លួនមកទទួលទោស៕