អុញនោះ! ពលរដ្ឋនៅភូមិព្រៃដំរីខេត្តតាកែវមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដែលអ្នកមានទឹកប្រាក់អាចធ្វើរបងក្នុងប្រលាយទឹកបាន រីឯអាជ្ញាធរដូចគ្នានរសើបអ្វីសោះ

0
454

តាកែវ ៖ ក្រោយ​មានការ​តវ៉ា​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ទៅលើ​អ្នកមាន​ប្រាក់​សាងសង់​របង​ថ្ម​ក្នុង​ប្រឡាយទឹក ពួកគាត់​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជំនាញ​ជួយ​ចុះ​ពិនិត្យ តែ​ក្រោយពេល​ចុះ​ពិនិត្យ​ម្តង​ជា​ពីរដង​ឃើញថា អាជ្ញាធរ​ស្រុក ​និង​មន្ត្រី​ជំនាញ​ បាន​ធ្វើការ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​សាងសង់​របង​នោះឡើយ តែ​រយៈពេល​ជាង​ពីរ​ខែ​មកនេះ គិត​ត្រឹម​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ របង​ថ្ម​បេតុង​ប្រវែង​ជិត​៣០០​ម៉ែត្រ​ លាតសន្ធឹង​សឹង​ដាច់​កន្ទុយភ្នែក​នៅ​ក្នុង​ទឹក​ប្រឡាយ​បាន​ធ្វើ​រួចរាល់​ទៅ​ហើយ​។

ទិដ្ឋភាព​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ត្រាំកក់ អស់ជំនឿ និង​បាត់បង់​ទំនុកចិត្ត​ទៅលើ​ការអនុវត្ត​ច្បាប់ ព្រោះតែ​អ្នកមាន​ទឹកប្រាក់ មានអំណាច អាចធ្វើ​របង​នៅក្នុង​ទឹក​ប្រឡាយ​សាធារណៈ​បាន​យ៉ាង​ស្រួល ដោយ​គ្មាន​ការ​អើពើ ឈឺក្បាល​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឡើយ «​តើ​ជា​កំហុស​របស់​អ្នកណា​? »​។

ចំណែក​លោក លន់ ហួត ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​ត្រាំកក់ ធ្លាប់​បានចេញ​សេចក្តី​បំភ្លឺថា លោក សែម សា​រ៉ែ​ន​ឌី ដែលជា​ម្ចាស់​ក្បាលដី​លេខ​០២០២ ពិតជា​បាន​សាងសង់​របង​ថ្ម​រំលោភ​ចូល​ដី​ប្រឡាយទឹក​ចំនួន​០.៣០​ម៉ែត្រ និង​មាន​ប្រវែង​៤៣​ម៉ែត្រ​ប្រា​ដក​មែន​។ ដោយឡែក​អាជ្ញាធរ​ស្រុក​ត្រាំកក់​វិញ​បាន​និយាយ​យ៉ាងខ្លី​ថា ការធ្វើ​របង​ថ្ម​នេះ​បាន​រំលោភ​ចូលក្នុង​ប្រឡាយ​តែ​ជាង​២​តឹក​ប៉ុណ្ណោះ​។

ជុំវិញ​ករណីនេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់ រង់ចាំ​មើលថា តើ​មាន​ចំណាត់ការ​បែបណា​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ទៅលើ​អ្នកមាន​ទឹកប្រាក់​ដែល​ហ៊ាន​សាងសង់​របង​ថ្ម​រំលោភ​ចូល​ប្រឡាយ​ទឹក បំពាន​ដី​ចំណី​ប្រឡាយ យ៉ាង​គឃ្លើន ទាំង​ដែល​ដឹង​ថា​ខុសច្បាប់​ដូច្នេះ​៕ប្រភព៖ Kampuchea Thmey Daily