ជួយស៊ែរឲ្យល្បីផង! រថយន្តបែនចង្កូតស្ដាំកំពុងពេញនិយមសម្រាប់ក្រុមឈ្មួញទុច្ចរិតលួចកាត់ត និង ដំឡើងលក់រាប់សិបទីតាំងនៅខេត្តតាកែវ រីឯអាជ្ញាធរដូចមិនអើពើរអ្វីសោះ

0
236

តាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បាទី ខេត្ត​តាកែវ បាន​នាំគ្នា​លើក​ឡើង​ថា រថយន្ត​បែន​ចង្កូត​ស្ដាំ​កំពុង​ពេញនិយម​សម្រាប់​ក្រុម​ឈ្មួញ​ទុច្ចរិត លួច​កាត់ត​ និង​ដំឡើង​លក់​ឲ្យ​ម៉ូយ​រាប់​សិប​ទីតាំង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ។

ឈ្មួញ​ទុច្ចរិត​កំពុង​លួច​ដំឡើង​រថយន្ត​បែន​លក់​ឲ្យ​ម៉ូយ​រាប់​សិប​ទីតាំងនៅ​ស្រុក​បាទី ខេត្ត​តាកែវ ដោយ​មិន​ខ្លាចរអា ​នឹង​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឡើយ បើទោះបីជា​កន្លងមក​អាជ្ញាធរ​បាន​ហាមឃាត់​រាល់​ការ​កាត់ត ដំឡើង កែច្នៃ​រថយន្ត ដែល​ខុស​លក្ខណៈ​បច្ចេកទេស​យ៉ាងណា​ក៏ដោយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានលើកឡើង មាន​ទីតាំង​កែច្នៃ ​និង​ដំឡើង​រថយន្ត​ជាច្រើន​ទីតាំង ក្នុងស្រុក​បាទី កំពុង​បើក​ចរាចរណ៍​យ៉ាង​ចំហ​ និង​លក់​ជូន​ពលរដ្ឋ ដោយ​ឡាន​បែន​ចង្កូត​ស្ដាំ​មួយ​គ្រឿង​មាន​តម្លៃ​រហូតដល់​ទៅ​៣៥០០០​ដុល្លារ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ភួង ឈី​ម​ អភិបាលស្រុក​បាទី​បាន​ឲ្យ​ដឹងថា លោក​មិន​បានដឹង​រឿងនេះ​ទេ តែ​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ លោក​នឹង​ចាត់​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​សុំ​គោលការណ៍​ពី​ឯកឧត្ដម​អភិបាលខេត្ត​មាន​វិធានការ។

ដោយឡែក​ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​តាកែវ​ មិនអាច​សុំ​ការ​បំភ្លឺ​បានទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​ទូរស័ព្ទ​លោក​ហៅ​ចូល​តែ​មិន​មាន​អ្នកទទួល៕ប្រភព៖ Kampuchea Thmey Daily