សូមប្រុងប្រយ័ត្នទាំងអស់គ្នា ! ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ និងមានបាតុភូត ទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលកសមុទ្រ បោកបក់ខ្លាំង …..

0
361

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង ឧតុនិយម​បាន​អំពាវនាវ​ឲ្យ សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ទឹកជំនន់​ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលក​សមុទ្រ​បោកបក់​ខ្លាំង បន្ទាប់ពី​ក្រសួង​ព្យាករណ៍​ឃើញ​ថា នឹង​មាន ព្យុះ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី​៣​ដល់ទី​៩។

យោង​តាម​សេចក្តី​ជូន​ដំណឹង ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ​២០១៩ ស្តីពី​ស្ថានភាព​អាកាសធាតុ បាន​បញ្ជាក់ថា ពេល​ដ៏​ខ្លី​ខាងមុខ នឹងមាន ព្យុះ ដោយសារ​ការកកើតឡើង​នូវ​វិ​សម្ពាធ (TD) រហូតដល់​ទៅ​២ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ក្រុង​នានា នឹង​អាច​មាន​ភ្លៀង​ធ្លា​ក់រាយ ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​។

ក្រសួង​ធនធានទឹក​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជាប្រចាំ និង​ស្តែងឡើង ដោយ​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា បាន​នឹង​កំពុង​ទទួលរង​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITZC) ដែល​អូស បន្ទាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម។ ការ​កកើតឡើង​នូវ​វិ​សម្ពាធ (TD) រហូតដល់​ទៅ​២ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាច​បំប្លែង ខ្លួន​ទៅជា​ព្យុះ​នាពេល​ដ៏​ខ្លី​ខាងមុខ។

ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី​០៣-០៩ ខែកញ្ញា បណ្ដា​ខេត្ត​-​ក្រុង​នានា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​មាន ៖ ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ចាប់ពី​ថ្ងៃ​ទី ០៤-០៩​ខែកញ្ញា បរិមាណ​ភ្លៀង​កាន់តែ​កើនឡើង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។​២- បណ្តា​ខេត្ត​នៅ​ជាប់​មាត់សមុទ្រ ពិសេស​ខេត្តកោះកុង នឹង​ខេត្ត​ព្រះសីហនុ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន។ ផ្ទៃ​សមុទ្រ​មាន​ខ្យល់ និង​រលក​ខ្លាំង​ពិសេស​ក្នុង​ថ្ងៃ​០៤-០៧ ខែកញ្ញា ។​៣- បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ។

​ជាមួយគ្នានេះ ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​អោយ​សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ទឹកជំនន់​ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលក​សមុទ្រ​បោកបក់​ខ្លាំង៕ប្រភព៖ Kampuchea Thmey Daily