នគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនស្ត្រី ជាជនសង្ស័យ ដែលពាក់ព័ន្ធនឹងសំណុំរឿងរៀបចំគម្រោងសម្លាប់ប្តី មកដល់តុលាការហើយដើម្បីសាកសួរបន្ត

0
316

ភ្នំពេញ ៖ លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នគរបាល​ខណ្ឌ​សែន​សុខ បា​ន​បញ្ជូន​ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រៀបចំ​គម្រោង​សម្លាប់​ប្តី​មកដល់​តុលាការ​ហើយ ដើម្បី​សាកសួរ​បន្ត​ពី​នគរបាល​យុត្តិធម៌។​ ជនសង្ស័យ​ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ ស៊ី​ហ៊​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​ជនរងគ្រោះ​ជាបកដី​ឈ្មោះ រឿន រតនា។​

មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្រពន្ធ​ខាងលើ មុនដំបូង​តាម​ការសាកសួរ​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កន្លងមក​ជនសង្ស័យ​ជា​ប្រពន្ធ​រស់នៅ​មិនសូវ​ចុះសម្រុង​ជាមួយ​ប្តី​នោះទេ។ បន្ទាប់ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​បែបនេះ សមត្ថកិច្ច​ជំនាញ​បាន​ហៅ​ជនសង្ស័យ​ជា​ប្រពន្ធ​មក​ធ្វើការ​សាកសួរ​ជាច្រើន​ចំណុច ដោយមាន​ការសង្ស័យ ដំបូង​ជនសង្ស័យ​បាន​កុហកថា ជនរងគ្រោះ​មកពី​ផ្ទះ​មិត្តភក្ដិ​ស្រី​នៅ​ព្រែកលៀប ប៉ុន្តែ​បងប្អូន​ខាង​ជនរងគ្រោះ​ថា ​ជនរងគ្រោះ​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុកកំណើត​ នៅ​ភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពី​ជំនាញ​បាន​សាកសួរ​ច្រើន​ចំណុច​ជាន់កែង​ជនសង្ស័យ​ជា​ប្រពន្ធ​ច្រើន​ដង ស្ត្រី​រូបនេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នាង​ជា​អ្នករៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង​ពិត​ប្រាកដ​មែន ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​នាង​សម្រេចចិត្ត​ធ្វើបែបនេះ។​

ជនសង្ស័យ​ជា​ប្រពន្ធ​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀតថា កន្លងមក​ប្ដី​របស់​នាង​ក៏​ធ្លាប់មាន​ទំនាស់ ពាក្យ​សំដី​គ្នា​ជាមួយ​អតីត​មិត្ត​ប្រុស​(​ខ្មាន់កាំភ្លើង​) របស់​នាង​ដែរ ទើប​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់ជួប​គ្នា​ជាមួយ​សហាយ ដើម្បី​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់ខ្លួន​តែម្តង​។​

លុះដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ខណៈ​ជនរងគ្រោះ​ជា​ប្តី​នាង​បាន ទៅ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត នាង​ក៏បាន​ទូរស័ព្ទ​ឲ្យ​ខ្មាន់កាំភ្លើង​ត្រៀម​ធ្វើ​សកម្មភាព ព្រោះ​នាង​បាន​ទូរស័ព្ទ​បង្ខំ​ឲ្យ​ប្តី​ប្រញាប់​មក​ផ្ទះ​ដោយ​ប្រាប់ថា​មានការ​សំខាន់ ហើយ​ប្តី​របស់​នាង​បាន​ប្រាប់ថា ម៉ោង​១១​យប់​ទៅដល់​ហើយ ។ ពេលនោះ​នាង​បាន​ទូរស័ព្ទ​ទៅប្រាប់​ឲ្យ​ខ្មាន់កាំភ្លើង​ចាំ​ផ្លូវ​មុន លុះ​ពេល​ជនរងគ្រោះ​មក​ដល់​កន្លែង​ស្ងាត់​ជិត​មណ្ឌល​ឱកាស​ខ្ញុំ ក៏​ធ្វើ​សកម្មភាព​បាញ់សម្លាប់​តែម្តង ហើយ​ភ្លាមៗ​នោះ​ខ្មាន់​កាំភ្លើង​បាន​ជិះ​ម៉ូតូ​គេចខ្លួន ដោយបាន​ទូរស័ព្ទ​ប្រាប់​នាង​ថា បាញ់សម្លាប់​បានសម្រេច​ហើយ។​

ក្រោយ​កើតមាន​ហេតុការណ៍​បាញ់​នោះ​នាង​បាន​ទៅ​កន្លែងកើតហេតុ ធ្វើ​កិរិយា​ដូចជា​ស្រណោះ​ស្រណោក ស្រលាញ់​ប្ដី​ខ្លាំងណាស់ និង​ស្រែក​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្ដី​នាង​ផង។​

សូមបញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ តុលាការ​នៅ​មិនទាន់បាន​សាកសួរ​ជន​សង្ស័យ​នៅឡើយ​ទេ៕ប្រភព៖ Kampuchea Thmey Daily