ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ ! អាជីវករយកផ្លូវសាធារណៈក្បែរផ្សារ សាំហាន លក់ដូរ យ៉ាងអនាធិបតេយ្យបង្កអោយមានការកកស្ទះ រាល់ថ្ងៃ

0
301

ភ្នំពេញ ​៖ ​ស្ថិតនៅ​ទីប្រជុំជន​បរិវេណ​ក្រុងភ្នំពេញ ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គល់​ស្ពាន​ជ្រោយចង្វា​រ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ច្រកចូល​ផ្សារ​ទួល​សង្កែ ​ឬ​ផ្លូវ​ទំនប់​៧០​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការគ្រោះថ្នាក់​ផ្សេងៗ​កើតឡើង បន្ទាប់ពី​តំបន់​រោងចក្រ​មួយ​នេះ​ ឧស្សាហ៍​មានការ​កកស្ទះ​នៅពេល​ព្រឹក ថ្ងៃ​ ហើយ​និង​ពេល​ល្ងាច។ ការដែល​ព្រួយបារម្ភ​ទាំង​កម្មករ​ ឬ​ពលរដ្ឋ​បែបនេះ ​ក៏​ព្រោះតែ​ផ្លូវ​បេតុង​មួយ​ខ្សែ​ ស្ថិត​ក្នុង​សភាព​កកស្ទះ​ ដោយសារតែ​ការ​លក់​ដូរ​នៅ​ចំណីផ្លូវ​សាធារណៈ ពោល​គឺ​យក​ផ្លូវ​សាធារណៈ​ជួល​ឲ្យ​អាជីវករ​លក់​បន្លែ​ផ្លែឈើ ​និង​ត្រី​សាច់​តែម្តង។​

តំណាង​កម្មករ​រោងចក្រ​រ៉ូ​ស៊ីង ដែលមាន​ទីតាំងនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​កំពុង​មាន​កា​រ​ព្រួយបារម្ភ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​គ្រោះ​អគ្គិភ័យ។ ការដែល​ព្រួយបារម្ភ​ដោយ​តំណាង​កម្មករ​រាប់​ម៉ឺន​បែបនេះ​ ក៏​ព្រោះតែ​បញ្ហា​កកស្ទះ​ដោយសារ​ការ​លក់ដូរ​នៅ​ចិញ្ចើមផ្លូវ​មុខ​រោងចក្រ​ដ៏​ធំ​មួយ​នេះ ​ស្ថិតក្នុង​សភាព​តូចចង្អៀត ពិបាក​ក្នុងការ​ចរាចរ​ទៅ​មក ព្រោះ​ផ្លូវ​នេះ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​មិន​លស់​ថ្ងៃ​ឡើយ ហើយ​ស្ទះ​យូរៗ​ទៀតផង។​

តំណាង​កម្មករ របស់​រោង​រ៉ូ​ស៊ីង បានឲ្យ​ដឹងថា សព្វថ្ងៃ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ត្រូវបាន​អាជីវករ​យក​ធ្វើជា​កន្លែង​លក់ដូរ​ទាំងស្រុង នៅសល់​ផ្លូវ​សម្រាប់​ធ្វើដំណើរ​នៅ​តូច​ចង្អៀត ហើយ​កម្មករ​ចេញ ​ឬ​ចូល​ធ្វើការ​ដើរកាត់​ផ្លូវ​នោះ ត្រូវបាន​កកស្ទះ​ជាប់​រាប់​ម៉ោង បើ​មាន​ហេតុការណ៍​អាសន្ន​កើតឡើង​មិន​ដឹងរ​ត់ទៅ​ផ្លូវ​ណា​នោះទេ ហើយ​រថយន្ត​សង្គ្រោះ ក៏​មិន​អាចជួយ​បានឡើយ។​

​ស្រដៀង​គ្នា​នេះ​ តំណាង​រោងចក្រ​ខោ​ខោវប៊យ​មួយ​នេះ ក៏បាន​បង្ហាញ​ទស្សនៈ​រិះគន់​ទៅលើ​អ្នក​លក់ដូរ​ផងដែរ​ ដោយ​នារី​វ័យក្មេង គឹម សូលី​ដា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខាង​រោងចក្រ​រ៉ូ​សស៊ីង ក៏​មាន​បដិភាគ​ក្នុងការ​ស្ថាបនា​ផ្លូវ​នេះដែរ តែ​មិនគួរ​អាជ្ញាធរ អនុញ្ញាត​ឲ្យ​អាជីវករ​លក់​ពេញ​ផ្លូវ​ពិបាក​ធ្វើដំណើរ​យ៉ាង​នេះ​សោះ ក្នុងនាម នាង​តំណាង​រោងចក្រ សូម​សំណូមពរ​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​មេត្តា​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​មួយ​ខ្សែ​នេះ​ផង ព្រោះ​បើ​មាន​អគ្គិភ័យ​កើតឡើង​មិនមាន​ផ្លូវ​រត់ចេញ​ឡើយ។​

​បញ្ហា​សណ្ដាប់ធ្នាប់​គេ​ដឹង​ហើយ​ថា​ឧស្សាហ៍​មាន​កកស្ទះ​ស្ទើរតែ​គ្រប់​ពេល ក៏​ប៉ុន្តែ​ការកកស្ទះ​នោះ​វា​មាន​ចំណុច​សំខាន់​របស់​វា​ដូចជា​មានការ​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​លក់​លើ​ទ្រូងផ្លូវ ហើយ​និង​យក​ផ្លូវ​ធ្វើជា​កន្លែង​ចំណត​ផ្ទាល់ខ្លួន​ជាដើម។​

​បញ្ហា​នេះហើយ ​ទើប​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ភូមិ​សង្កាត់ ខណ្ឌ​ ឬ ក្រុង​ ពិនិត្យឡើងវិញ​ក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ ជៀសវាង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង នៅ​ក្នុងរោង​​​ចក្រ​ឬ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ មិនមាន​ផ្លូវ​សម្រាប់​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញចូល​ជួយសង្គ្រោះ​បាន។​

មហាជន​ជឿជាក់ថា មិនយូរ​នោះទេ​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ ដែល​ដឹកនាំ​ដោយ ​លោក​ជា ​ពិសី ដែល​តែង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​មួយ​នេះ និង​បញ្ចេញ​កណ្តាប់ដៃ​ដែក ដោយ​ចាត់វិធានការ​ទៅលើ​បញ្ហា​សណ្ដាប់ធ្នាប់​នៅ​ម្តុំ​រោងចក្រ​សាំ​ហាន់​ បន្ទាប់ពី​តំបន់​មួយ​នេះ​ឧស្សាហ៍​មាន​កកស្ទះ​ចរាចរ​ម្តង​ទៀត​មិន​ខាន។​

អាជ្ញាធរ​ខណ្ឌឫស្សីកែវ បានឲ្យ​ដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ យើង​មិនអាច​ទុកឲ្យ​អាជីវករ​លក់ដូរ​អនាធិបតេយ្យ​ពេញ​ផ្លូវ​ដូច្នេះ​ទេ គឺ​យើង​នឹង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ ងាយ​ស្រួល​ធ្វើដំណើរ​ដូចដើម​វិញ ព្រោះ​កន្លងមក​ក៏​យើង​ធ្លាប់ធ្វើ​ដែរ​តែ​ដូចជា​វែក​ចក​ចឹ​ង​។​

បើតាម​អ្នកលក់ដូរ​នៅតាម​ផ្លូវ​នានា និង​ជាពិសេស​ផ្លូវ​ជាប់​ផ្សារ​សាំ​ហាន់​នេះ ថា ​ពួកគាត់​បាន​បង់​លុយឲ្យអាជ្ញាធរ​ និង​ប៉ូលិស ទើប​អាច​លក់ដូរ​នៅទីនេះ​បាន៕ប្រភព៖ Kampuchea Thmey Daily