ដំណឹងល្អ ! កម្មករ​-​កម្មការិនី​បន្ត​ជិះ​រថយន្តក្រុង​និង​កាណូត​សាធារណៈ​មិន​គិត​កម្រៃ​សេវា​២​ឆ្នាំ​ទៀត ជាមួយនិង​ការដឹកជញ្ជូន​ទៅ​ស្រុកកំណើត​ដោយ​មិន​គិត​កម្រៃ​ដែរ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ

0
427

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​បងប្អូន​កម្មករ​-​កម្មការិនី ប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​កាណូត​សាធារណៈ (Taxi Boat) ដោយ​មិន​គិត​កម្រៃ​សេវា​បន្ត​រយៈពេល​០២​ឆ្នាំ​ទៀត​។ ជា​មួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់​ដែល​នឹងធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក៏​សម្រេច​ឲ្យ​រថយន្តក្រុង​ដឹក​បងប្អូន​ទៅ​ស្រុកកំណើត​ដោយ​មិន​គិត​ប្រាក់​ផងដែរ។

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ចំនួន​២​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​៣១ សីហា​នេះ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យ​ដើម​ទាំងស្រុង​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​បងប្អូន​កម្មករ​-​កម្មការិនី ប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​កាណូត ​សាធារណៈ (Taxi Boat) ដោយ​មិន​គិត​កម្រៃ​សេវា រយៈពេល​០២​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​កម្មករ​-​កម្មការិនី​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​មិន​យក​កម្រៃ​សេវា ចំពោះ​បងប្អូន​កម្មករ​-​កម្មការិនី​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​កាណូត​
​សាធារណៈ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus)​រាជធានី​ភ្នំពេញ រយៈពេល​០២​ឆ្នាំ បន្តទៀត ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​០១ ខែកញ្ញា​ ឆ្នាំ២០២១ ដោយ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើការ​ងារ​ទៅ​ភ្នាក់ងារ​បម្រើសេវា​របស់​រដ្ឋាករ នឹង​ទទួល​បាន​
​សេវា​នេះ​ភ្លាម​។

អាស្រ័យហេតុនេះ សូម​បងប្អូន​កម្មករ​-​កម្មការិនី​ទាំង​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើដំណើរ​តាម​រថយន្តក្រុង​ និង ​កាណូត​សាធារណៈ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​។

ចំពោះ​សេចក្តី​ជូនដំណឹង​មួយទៀត​មានន័យ​ដើម​ថា​ អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ១២០​គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ និង​ចេញដំណើរ​ចាប់ពី​ម៉ោង​០៥និង៣០​នាទី​ព្រឹក រៀងរាល់ថ្ងៃ ដោយ​មិន​គិត​កម្រៃ​សេវា​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​តាម​កាណូត​សាធារណៈ (Taxi Boat) ដោយ​មិន​គិត​កម្រៃ​សេវា រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ផងដែរ​។

ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឲ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​ដំឡើង​ថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើដំណើរ​តាម​រថយន្ត​
ក្រុង (City Bus) និង​តាម​កាណូត​សាធារណៈ (Taxi Boat) របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព៕ប្រភព៖ Kampuchea Thmey Daily