កាន់តែយាប់ទៅហើយ! សមត្ថកិច្ចកុងហុងឃាត់ក្រុមចលាចល មិនអោយធ្វើដំណើរទៅមុខ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពសាធារណះ និង ការផ្ទុះឡើងនូវអំពើហិង្សា នាចុងសប្ដាហ៏នេះ

0
239

ក្រុម​អ្នករៀបចំ​បាន​និយាយថា ប៉ូលិស​ក្រុង​ហុងកុង​បាន​ហាមឃាត់​ការប្រមូលផ្តុំ​គាំទ្រ​ប្រជាធិបតេយ្យ​ទ្រង់ទ្រាយ​ធំ​មិន​ឲ្យ​ដំណើរការ​ទៅមុខ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយសារតែ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​សាធារណៈ​បន្ទាប់ពី​ចុង​សប្តាហ៍​មុន មានការ​ផ្ទុះឡើង​នូវ​អំពើហិង្សា​អាក្រក់​បំផុត​ក្នុង​ភាពចលាចល​ផ្នែក​នយោបាយ​រយៈពេល​បី​ខែ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​។​

​ក្នុង​លិខិត​មួយ​ផ្ញើជូន​រណសិរ្ស​សិទ្ធិមនុស្ស​ស៊ីវិល (CHRF) នៅ​ថ្ងៃ​ព្រហស្បតិ៍​, ប៉ូលិស​បាន​និយាយថា ពួកគេ​ភ័យខ្លាច​ថា អ្នកចូលរួម​មួយចំនួន​នឹង​ប្រព្រឹត្ត​អំពើហិង្សា​និង​បំផ្លិចបំផ្លាញ​។​

​លិខិត​នេះ​បាន​និយាយ​អំពី​ការតវ៉ា​លើក​មុនៗ​ថា ក្រុមអ្នកតវ៉ា​មិន​ត្រឹមតែ​បាន​ដុតបំផ្លាញ​និង​បិទផ្លូវ​ជា​ទ្រង់ទ្រាយ​ធំ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បាន​ប្រើប្រាស់​គ្រាប់បែក​សាំង បាល់​ដែក ដុំឥដ្ឋ ដែក​ក៏ដូចជា​អាវុធ​ធ្វើ​ដោយ​ខ្លួនឯង​ផ្សេងទៀត​ផងដែរ​ដើម្បី​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ក្នុង​ទ្រង់ទ្រាយ​ធំ បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម​និង​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នកដទៃ​។

​បម្រាម​ដ៏​កម្រ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​បានដាក់​ពង្រាយ​កាណុង​បាញ់​ទឹក​និង​បាញ់​ព្រមាន​ដើម្បី​រារាំង​ក្រុមបាតុករ​រ៉ាឌីកាល់​កាលពី​យប់​ថ្ងៃអាទិត្យ​បន្ទាប់ពី​បាតុកម្ម​កាន់តែ​អាក្រក់​ទៅៗ​។​

​ការប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​សម្គាល់​ជាការ​កំណត់​រយៈពេល​៥​ឆ្នាំ​ចាប់តាំងពី​ទីក្រុង​ប៉េកាំង​ច្រានចោល​កំណែទម្រង់​នយោបាយ​ក្នុង​ទីក្រុង​ហុងកុង​ដែលជា​ការសម្រេចចិត្ត​មួយ​បាន​បង្ក​ឲ្យ​មាន​ចលនា​ឆ័​ត្រ​រយៈពេល​៧៩​ថ្ងៃ​។​

CHRF ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការប្រមូលផ្តុំ​គ្នា​ធំ​បំផុត​ដែល​ទីក្រុង​នេះ​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​បាន​និយាយថា ពួកគេ​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេចចិត្ត​នេះ​។​

​មេដឹកនាំ​ក្រុម​នេះ​ឈ្មោះ Jimmy Sham បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​តាមពិត​អ្នក​អាច​ឃើញថា​សកម្មភាព​របស់​ប៉ូលិស​កំពុង​ពង្រឹង​ហើយ​អ្នក​អាច​មើលឃើញ​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam គ្មាន​ចេតនា​អនុញ្ញាត​ឲ្យ​ហុងកុង​វិលត្រឡប់​ទៅរក​សន្តិភាព​វិញ​ប៉ុន្តែ​ពួកគេ​កំពុង​ព្យាយាម​ញុះញង់​ឲ្យ​មាន​កំហឹង​ពី​ប្រជាពលរដ្ឋ​បន្ថែមទៀត​តាមរយៈ​វិធានការ​តឹងរ៉ឹង​”​។​

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​ដែល​រៀបចំឡើង​ដោយ CHRF កាលពី​ថ្ងៃទី​១៧​ខែសីហា​បាន​នាំ​ឲ្យ​មនុស្ស​រាប់សែន​នាក់​ចេញមក​តាម​ដងផ្លូវ​ដើម្បី​បង្ហាញ​ពី​ការតវ៉ា​ដោយ​សន្តិវិធី​ហើយ​ក្រុមបាតុករ​បាន​បំបែក​គ្នា​ដោយ​គ្មាន​ការប៉ះទង្គិច​៕ប្រភព៖ Kampuchea Thmey Daily