ជួយស៊ែរផង! ប្អូនៗដែលរស់នៅក្រុងកំពត ក្រសួងបានកែសម្រួល មណ្ឌលប្រលងបាក់ឌុប ពី វិទ្យាល័យហ៊ុនសែនក្រាំងអំពិល ទៅ សាលារៀនគួងយ៉ុកវិញ ដោយសារបញ្ហាជំនន់ទឹកភ្លៀង

0
357

ភ្នំពេញ ​៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើ​ការ​កែសម្រួល​មណ្ឌល​ប្រឡង​បាក់​ឌុប​មួយ​កន្លែង​នៅ​ក្រុង​កំពត​ដោយ​ប្តូរ​ពី​អនុវិទ្យាល័យ ហ៊ុនសែន​ក្រាំង​អំពិល​ទៅ​សាលារៀន គួ​ង​យ៉ុ​ក​វិញ​ដោយសារ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​។

យោងតាម​ប្រកាស​ស្តីពី​ការ​កែសម្រួល​មណ្ឌល​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​១៩ ខែសីហា ឆ្នាំ​២០១៩ ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​ចុះហត្ថលេខា​ដោយ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ទើប​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៥ ​ខែសីហា​ ឆ្នាំ​២០១៩ ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​បានសម្រេច​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១៤​បន្ទប់​នៅ​ក្រុង​កំពត ទៅ​មណ្ឌល សាលារៀន គួ​ង យ៉ុ​ក ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១៤​បន្ទប់​ដូចគ្នា​ដោយហេតុ​ផល​ថា​ មាន​ភាព​ចាំ​បាច់​។

ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពត​និង​នាយក នាយិកា​គ្រឹះស្ថានសិក្សា​ដែល​យក​ធ្វើជា​មណ្ឌល​ប្រឡង​មាន​ភារកិច្ច​រៀបចំ​មណ្ឌល​ប្រឡង​និង​សម្ភារ​ចាំបាច់​សម្រាប់​ដំណើរការ​នៃ​ការ​ប្រឡង​និង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​រៀបចំ​កម្លាំង​សណ្តាប់​ធ្នាប់​របៀបរៀបរយ​និង​សុវត្ថិភាព​តាម​មណ្ឌល​ប្រឡង​ឲ្យ​ហើយ​ស្រេច​មុន​បើក​សម័យ​ប្រឡង​។

បើ​តាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែសីហា ​ឆ្នាំ​២០១៩​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​ ក្នុងចំណោម​មណ្ឌល​ប្រឡង​ចំនួន​២០២​មណ្ឌល​នៅ​ទូទាំង​ប្រទេស​មានតែ​មណ្ឌល​ប្រឡង​បាក់​ឌុប​តែមួយគត់​ គឺ​មណ្ឌល​ប្រឡង​អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល ស្ថិតនៅ​ក្រុង​កំពត​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅកាន់​មណ្ឌល សាលារៀន គួ​ង យ៉ុ​ក ​ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង​។

អ្នកនាំពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ​ក្រសួង​អប់រំ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​តាមដាន​ទៅលើ​ស្ថានភាព​បរិយាកាស​ និង ​អាកាសធាតុ​ជាប្រចាំ​នៃ​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧ​ត្តុ​និយម​ជា​ផ្លូវ​ផង​ដែរ​ដើម្បី​ត្រៀមលក្ខណៈ​និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា​។

ទន្ទឹម​នឹង​នេះ​ ក្រសួង​អប់រំ​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​អន្តរាគមន៍​ទៅលើ​កក្តា​ចាំបាច់​មួយ​ចំនួន​ក្នុង​នោះ​មាន​ការ​ជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​បេក្ខជន​ប្រឡង​ពី​គេហដ្ឋាន​របស់​ពួកគាត់​មកកាន់​មណ្ឌល​ប្រឡង​ទៅតាម​លទ្ធភាព​ជាក់ស្តែង​ដែល​អាច​ធ្វើ​ទៅបាន​។​ ក្រៅ​ពី​នេះ​ក្រសួង​ក៏​នៅតែ​បន្ត​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់​សំណាក់​គ្រប់ភាគី​ពាក់ព័ន្ធ​ផងដែរ​ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន​និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

យ៉ាងណាក៏ដោយ​លោក​បាន​បន្ថែម​ទៀត​ថា​ ក្រសួង​អប់រំ​នៅតែ​ប្តេជ្ញា​ធានា​គុណភាព​ប្រឡង​ខ្ពស់​ដដែល​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ទាំងអស់​គ្នា​បើ​ទោះ​ជា​មិន​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ផ្សេងៗ​ក៏ដោយ បើទោះបី​ជា​នៅ​ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ដាក់​អ្នកសង្កេតការណ៍​ដូច​បណ្តា​ឆ្នាំមុនៗ​ក៏ដោយ​។

លោក រស់ សុ​វាចា បាន​បញ្ជាក់​ថា ​ជំនួស​មកវិញ​ក្រសួង​អប់រំ​បាន​ជ្រើសរើស​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​សម្រាប់ ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ដោយ​ជំនួយការ​អប្បមាទ​ម្នាក់​ត្រូវ​ទទួលខុសត្រូវ​បន្ទប់​ប្រឡង​ចំនួន​២​បន្ទប់​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​បាន​បន្ត​ថា ​ក្រសួង​អប់រំ​នៅតែ​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​បន្ត​ទៀត​ក្នុង​ករណី​មានការ​សូកប៉ាន់​លុយ​កាក់​នៅ​ពេល​ប្រឡង និង​អំពើពុករលួយ​ផ្សេងៗ​មួយ​ចំនួន​ទៀត ​ដែល​កើតឡើង​ក្នុង​កំឡុង​ពេល​ប្រឡង​។

លោក រស់ សុ​វាចា​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡង​សរុប​២០២​មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​វិទ្យាសាស្ត្រ​សង្គម​១២៧​មណ្ឌល មាន ៤៧២៥​បន្ទប់ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧០២៤​នាក់ ស្រី​៦០៤២១​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់​មាន​១៨១០​បន្ទប់​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់​មាន​២៩១៥​បន្ទប់​៕ប្រភព៖ Kampuchea Thmey Daily