លែងមានចម្ងល់ទៀតហើយ ! មន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ច្បាស់ៗថា ផ្លូវគោកចែកជា២ ធ្វើអោយលោក មាស រិទ្ធី និង ហង្សមាស កាន់តែជ្រាបច្បាស់ជាងមុន

0
406

ភ្នំពេញ ​៖​ ស្រប​ពេល ​ដែល​មាន​មហាជន​ជាច្រើន​ផ្ទុះ​ការរិះគន់​ និង​ហួសចិត្ត​ខ្លាំង​លើ​កម្មវិធី​ល្បង​ប្រាជ្ញា​ Heaven or Hell Cambodia របស់​ទូរទស្សន៍​ហង្ស​មាស​ ខណៈ​ដែល​ លោក​កៅ សីហា ​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ ​គឺ​ផ្លូវគោក​ចែក​​ជា​២។ ប៉ុន្តែ​ជា​ចម្លើយ​បែរជា​ផ្ទុយ​នឹង​ការពិត​ដោយ​ហង្ស​មាស​បង្ហាញ​ចម្លើយ​ថា​ផ្លូវគោក​ចែក​ជា​៣​នោះ ពេលនេះ​ការពិត ​ត្រូវ​បាន​បញ្ជាក់​ច្បាស់ៗ​ ដោយ​មន្ត្រី​ក្រសួង​សាធារណការ​តែម្ដង។

តាម​ការ​កត់សម្គាល់​ជុំវិញ​ករណី​ដែលមាន​ចម្លើយ​ថា​ផ្លូវគោក​ចែកជា​៣​ ពី​កម្មវិធី​ល្បងប្រាជ្ញា Heaven or Hell Cambodia នោះ ​ភ្លាមៗ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃ​មាត់ ពិសេស​នៅលើ​បណ្តាញ​សង្គម​តែម្តង​។ ម្យ៉ាងទៀត​បន្ទាប់ពី​មានការ​រិះគន់​ពី​មហាជន​ ក៏​ស្រាប់តែ​លេច​វត្តមាន​លោក មាស រិទ្ធី ជា​អ្នក​អធិប្បាយ​ល្បីឈ្មោះ​នៅ​ទូរទស្សន៍​មួយ​នេះ ​បាន​ចេញមក​បកស្រាយ​លាងខ្លួន​ឲ្យ​ទ្រនំ ដោយ​ភ្ជាប់​មក​ជា​មួយ​សៀវភៅ​១​ក្បាល​ បង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​ជឿជាក់ថា ​ផ្លូវគោក​ចែកជា​៣​ពិតមែន។

ការចេញមុខ​បកស្រាយ​ដោយ​ជំនឿ​ជាក់​ពី​សំណាក់​ លោក មាស រិទ្ធី នេះ​គឺ​កាន់តែ​ធ្វើ​ឲ្យ​កើន​កម្ដៅ ​នៃ​ការរិះគន់​ និង​ពាក្យ​និន្ទា​ជាច្រើន​បាន​បាញ់​ចាក់​ស្រោច​មក​លើ​ហង្ស​មាស​ និង​ លោក មាស រិទ្ធី យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ​ខណៈ​ចម្លើយ​ត្រឹមត្រូវ ត្រូវ​បាន​អនុរដ្ឋលេខាធិការ និង​ជា​នាយខុទ្ទកាល័យ​ក្រសួង​សាធារណការ ចេញមុខ​មក​បញ្ជាក់​ថា ​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ​ពោល​គឺ ​ត្រឹមត្រូវ​ដូចគ្នា​នឹង​ចម្លើយ​របស់ លោក កៅ សីហា។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​បានបញ្ជាក់​ថា​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ ហើយ​អ្នកបកស្រាយ​ខុសពី​នេះ​សូម​ពិនិត្យ​ផង ដើម្បី​កុំឲ្យ​មានការ​យល់​ច្រឡំ​ដល់​មហាជន​។ ​ជាមួយគ្នានេះ ​លោក​បាន​បង្ហោះ​ដែរ​ថា ​ចូរ​ឈ្វេងយល់​អំពី​ផ្លូវ ដើម្បី​ជៀស​វាង​ការ​បកស្រាយ​ផ្សេងៗ​ខុសគ្នា ..!។

​លោក គង់ វិមាន បាន​បន្ត​ថា ​សូម​បងប្អូន​មេត្តា​យោគយល់​កុំ​ដាក់​បន្ទុក​ទៅលើ​នរ​ណាមួយ និង​សូម​ជួយ​កែលំអ​គ្នា​ ដើម្បី​សង្គមជាតិ​យើងទាំងអស់គ្នា ​ជួនកាល​ការបកស្រាយ​ដោយ​ផ្អែកលើ​ឯកសារ​ផ្សេងៗ។ ​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ ​គឺ ​៖ (​មិន​និយាយ​ពី​ផ្លូវ​ល្បឿន​លឿន​) ៖ ១. ផ្លូវថ្នល់ និង​២. ផ្លូវដែក​។​

* ផ្លូវថ្នល់​ចែកចេញជា​៤​ប្រភេទ​ទៀត​ គឺ​ ៖១. ផ្លូវជាតិ ,២. ផ្លូវ​ខេត្ត ,៣. ផ្លូវលំ​(​ផ្លូវ​ជនបទ​) ,៤. ផ្លូវ​រុក្ខ​បាល និង មាន​២​ប្រភេទ​ទៀត (​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​ផ្សេងទៀត​ដែល​សម្រេច​ដោយ​រដ្ឋាភិបាល )​។ ចំណែកឯ​គមនាគមន៍ ​គឺ មាន​៣​ប្រភេទ​គឺ​ ៖ ១. ផ្លូវគោក ,២. ផ្លូវទឹក និង​៣. ផ្លូវអាកាស។ តាមរយៈ​ការបកស្រាយ​យ៉ាងច្បាស់ៗ ​របស់ លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ខាង​លើ​នេះ​ បានធ្វើ​ឲ្យ​មហាជន​បង្ហាញ​ការ​គាំទ្រ ​និង​សាទរ​ខ្លាំង​ព្រោះ​អស់​ចម្ងល់​លើ​បញ្ហា​នេះ​ទៀត។

ដោយឡែក​សម្រាប់​ហង្ស​មាស ​និង​ លោក មាស រិទ្ធី កាន់តែ ​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​ជាច្រើន​ នាំគ្នា​រិះគន់​ភ្ជាប់​មួយ​ពាក្យ​សើច​ចំអក​ជាច្រើន​គួរ​ឲ្យ​អាម៉ាស់ ​ព្រោះថា​ក្មេងៗ​ជិត​ដល់​ថ្ងៃ​ប្រលង​បឋមភូមិ​ហើយ​ បែរជា​មក​ចង់​ពង្វក់​ខ្មែរ​គ្នាឯង​។ ​ខណៈ​តារា​សិល្បៈ​ខ្មែរ​មួយចំនួន​ ក៏​ហួសចិត្ត​ខ្លាំង​លើ​រឿងរ៉ាវ​នេះ​ផងដែរ​៕ប្រភព៖ Kampuchea Thmey Daily