ស្ត្រីម្នាក់ដែលគេដុតនៅក្បែរមហាវិធី ឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ខែមថុនា ឥឡូវនេះសមត្ថកិច្ចបានចាប់ខ្លួនបានហើយ ឃាតកនោះគឺជាសង្សារនិងគ្នា…..

0
365

ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែកក្កដា​នេះ​ថា ជនដៃ​ដល់​ដ៏​ឃោរឃៅ​សម្លាប់ ស្ត្រី​ម្នាក់​កាត់​សាច់​ជា​កង់ៗ​ហើយ​យក​សព​ដាក់​ក្នុង​វ៉ាលិស​ទៅ​ដុត​ចោល​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្បែរ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​នោះ ​ពេលនេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ហើយ ដោយ​ឃាតក និង​ស្ត្រី​រងគ្រោះ​ជា​ជន​ជាតិ​ចិន​ដូចគ្នា និង​ជា​សង្សារ​នឹង​គ្នា​ទៀតផង។

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ថា​ ទាំង​ជនរងគ្រោះ និង​ជនដៃដល់​ជា​ជន​ជាតិចិន​ដូចគ្នា ហើយ​ជា​សង្សារ​ទៀតផង។

យ៉ាងណាក៏ដោយ​នៅ​ពេល​នេះ​ ជន​ដៃ​ដល់​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​បាន​ហើយ តែ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការ​សម្លាប់​របស់​ជនស​ង្ស័​យ​នោះទេ​ខណៈ​នេះ​សមត្ថកិច្ច​កំពុង​សួរ​នាំ។

ប្រភពពី​អគ្គស្នងការ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ជនដៃដល់ បាន​ត្រឡប់​មកពី​ស្រុក​ចិន​វិញ ព្រោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ជា​សង្សារ​ហើយ​ជន​នេះ​បាន​គេច​ខ្លួន​ទៅកាន់​ប្រទេស​ចិន​មួយរយៈ។

បើ​ទោះ​បី​យ៉ាងណា សមត្ថកិច្ច​មិនទាន់​បង្ហើប​ប្រាប់​ព័ត៌មាន​លំអិត​ជុំវិញ​ករណី​ចាប់ខ្លួន​ឃាតក​ជា​ជន​ជាតិចិន​នោះ​ទេ ដោយ​អះអាង​ថា ​រង់ចាំ​ការស្រាវជ្រាវ​បន្ត ក្រែង​មាន​បក្ខពួក​បន្ថែមទៀត។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯ​ដី​ឡូ​តិ៍​មួយកន្លែង​នៅតាម​បណ្តោយ​មហា​វិធី​ឈ្នះ​ឈ្នះ​ក្បែរ​អតីត​បញ្ជរ​បង់ប្រាក់​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង បន្ទាប់ពី​កម្មករ​បូម​ខ្សាច់​ប្រទះឃើញ គេ​យក​សព​ទៅ​ដុត​ចោល ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ដោយ​ជនរងគ្រោះ​គេ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ជា​មនុស្ស​ស្រី​ហើយ​មាន​ផ្ទៃពោះ​៨​សប្តាហ៍​ផង៕ប្រភព៖ Kampuchea Thmey Daily