គួរអោយបារម្ម្ម្មណ៍ដល់ប្រជាកសិករយើង !! ខែវស្សាដល់ហើយនៅតែ គ្មានភ្លៀងធ្លាក់ អ្នកភូមិព្រះធ្វើ ពិធីបួងសួង សុំ ទឹកភ្លៀងនៅ ប្រាសាទមេបុណ្យ

0
284

សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​១៣​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ​កន្លងទៅ​នេះ ​ប្រជាជន​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​បួងសួង​ផ្សង​សុំ​ទឹក​ភ្លៀង ខណៈ​ពេល​ ដែល​រដូវវស្សា​ចូល​មក​ដល់ តែ​ពុំ​មាន​ភ្លៀង ដើម្បី​ឲ្យ​ភ្លៀង​បង្អុរ​គ្រប់គ្រាន់ ឲ្យ​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​ទទួល​បាន​ភោគផល​ល្អ និង​បន់ស្រន់​សុំ​សេចក្តីសុខ​ដល់​ភូមិករ ដែល​ជា​ទំនៀម​​​អ្នកស្រុក​អង្គរ​តាំងពី​បុរាណ។

ពិធី​បួង​សួង​នេះ ​ធ្វើ​នៅ​បរិវេណ​ មុខ​ប្រាសាទ​មេបុណ្យ​ខាងកើត ហើយ​អ្នកភូមិ​ធ្វើ​បាយ​សម្ល​មក​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សែនព្រេន​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដែល​រក្សា​ក្នុង​ភូមិ​ឋាន​នេះ ដែល​មាន​ប្រជាជន​ចូលរួម​យ៉ាងច្រើន​កុះករ។

លោកយាយ ហ៊ឹម ប្រឹម អាយុ​៦១​ឆ្នាំ ជា​អ្នកដឹកនាំ​ធ្វើ​ពិធី​បួងសួង​សុំ​ទឹកភ្លៀង បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែអាសាឍ កំណត់​យក​ថ្ងៃ​ណាមួយ​ក្នុង​ខែ​នេះ ពេល​គ្មាន​ភ្លៀង ឬ​ភ្លៀង​ធ្លាក់​តិចតួច​ក្តី ប្រជាជន​ក្នុងភូមិ​ទាំងអស់​បាន​មូលមាត់គ្នា និង ​រៃអង្គាស​បច្ច័យ​តាម​កម្លាំង​សទ្ធា​ ដើម្បី​យក​មក​ធ្វើ​បាយ​ម្ហូប​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សម្រាប់​សែនព្រេន និង​ផ្គត់ផ្គង់​តម្រូវការ​កម្មវិធី​ទាំង​មូល​។​

លោកយាយ​បន្តថា ពិធី​បួងសួង​សុំ​ទឹកភ្លៀង ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ទេ ទោះ​មាន ​ឬ​គ្មាន​ភ្លៀង​ក៏ដោយ ហើយ​ក្រៅពី​អ្នកភូមិ​ព្រះ​ដាក់​ក៏មាន​អ្នកភូមិ​ផ្សេងៗ​មក​ចូលរួម និង​ធ្វើ​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​នេះ រួមទាំង​សែនព្រេន​អ្នកតា ម្ចាស់​ទឹកដី ម្ចាស់​ប្រាសាទ​ផង​ដែរ​។ បន្ទាប់ពី​ធ្វើ​ពិធី​តាម​ទំនៀម​ព្រះពុទ្ធសាសនា​ចប់សព្វគ្រប់ ក៏មាន​បញ្ចូល​រូប​អ្នកតា​រហូតដល់​ទៅ​៩​រូប តែ​ពិសេស​ជាងគេ​ គឺ​អ្នកតា​ប្រចាំ​នៅ​ប្រាសាទ​មេបុណ្យខាងកើត​នេះ គឺ​អ្នកតា​ខូច ដើម្បី​សួរនាំ​សុខទុក្ខ សុំ​ទឹកភ្លៀង ឲ្យ​អ្នកតា​រាំរែក សេពសោយ​អាហារ​។​ល​។

លោកយាយ​បញ្ជាក់​ថា រាល់​ឆ្នាំក្រោយ​ធ្វើ​ពិធី​បួងសួង​ តែង​មាន​ភ្លៀង​បង្អុរ​មក ហើយ​ប្រជាជន​ចាប់​ផ្តើម​ធ្វើស្រែ​ចម្ការ ទំនៀម​នេះ​មាន​តាំងពី​បរម​បុរាណ​មក​ម្ល៉េះ តាំងពី​លោកយាយ​ដឹង​ក្តី​មក ហើយ​គ្រួសារ​លោកយាយ​ក៏​ជា​អ្នកដឹកនាំ​ធ្វើ​ច្រើន​ដំណ​មកហើយ​។ ចាស់ទុំ​ក្នុងភូមិ​តែងតែ​ធ្វើ​មិន​ខកខាន​លើកលែងតែ​ក្នុងសម័យ​ប៉ុល ពត​ប៉ុណ្ណោះ​៕ប្រភព៖ Kampuchea Thmey Daily