ឪពុកម្តាយខំរក ឡើងខ្សោះខ្លួនហើយ ! បែរជាមកឃើញកូន បួសជាសង្ឃ ដើរបិណ្ឌបាត យ៉ាងរំភើយទៅវិញ ! តែរឹតតែហួសចិត្ត មានការប្រតាយប្រតប់គ្នា ដោយសារតែ…

0
298

ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់ បានបាត់ផ្ទះអស់រយៈពេល៤ថ្ងៃដោយគ្មានដំណឹង លុះពេលឪពុកម្តាយមកផ្សារ ស្រាប់តែប្រទះឃើញកូនប្រុសរបស់ខ្លួន ក្លាយជាកូននេន កំពុងដើរបិណ្ឌបាតយ៉ាងរំភើយ ទើបឪពុកម្តាយស្ទុះទៅចាប់កូនប្រុសជាសង្ឃ បង្កការភ្ញាក់ផ្អើលពេញផ្សារលើធំថ្មី ហើយសន្តិសុខផ្សារឃាត់ខ្លួនកូននេន និងបក្ខពួក ទៅប្រគល់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម រួចនាំយកបន្តមកឱ្យព្រះគ្រូអនុគណក្រុងចាត់ការច្បាប់ផ្សិក ។

ករណីនេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ វិច្ឆិកា ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី កន្លែងលក់ត្រី ក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមសម្តីរបស់ឪពុកម្តាយ បានរៀបរាប់ឲ្យដឹងថា ប្តីប្រពន្ធគាត់រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ។ ពួកគាត់មានកូនប្រុសម្នាក់ ឈ្មោះ ម៉ូវ សុភ័ស្ស អាយុ១១ឆ្នាំ សិស្ស ហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កូនប្រុសគាត់ម្នាក់នេះ ស្រាប់តែបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឲ្យប្តីប្រពន្ធគាត់ព្រួយបារម្ភជាខ្លាំង និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់នគរធំ ក្រុងសៀមរាប ឱ្យជួយអន្តរាគន៍ផងដែរ។

ប្តីប្រពន្ធខាងលើបន្តថា លុះដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ក្មួយប្រុសគាត់ ដែលរត់ម៉ូតូនៅមុខផ្សារលើ ប្រទះឃើញកូនប្រុសគាត់ បានគ្រងចីវរជាសង្ឃ និងកំពុងដើរបិណ្ឌបាតជាមួយសង្ឃផ្សេងទៀត សរុបមានគ្នា៣អង្គ ហើយបានទូរស័ព្ទទៅប្រាប់ពួកគាត់ ទើបប្តីប្រពន្ធគាត់ប្រញាប់ធ្វើដំណើរមកចាប់កូនប្រុស តែសង្ឃដែលមកបិណ្ឌបាតជាមួយគ្នាមិនព្រមឱ្យចាប់កូនតាមសម្រួល ក៏មានការប្រតាយប្រតប់គ្នាទើបមានបងប្អូនអាជីវករនៅក្បែរនោះជួយឃាត់ និងសន្តិសុខផ្សារលើធំថ្មីបានមកហៅឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីកូននេននេះ គឺខ្លួនបំបួសដោយខ្លួនឯង មិនត្រឹមត្រូវតាមផ្លូវពុទ្ធសាសនា ទើបឪពុកម្តាយនាំយកទៅវត្តក្បាលខ្មោច ដែលមានចៅអធិការវត្ត ព្រះនាម ឡាច លាង និងជាព្រះអនុគណក្រុងសៀមរាប និងមានវត្តមានព្រះគ្រូចៅអធិការវត្ត ឥន្ទកោសីយ៍ហៅវត្តកណ្តាល ព្រះនាមតាត មហាទី និងព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះខន្តិ រង្សី ព្រះវិន័យធរ អនុគណ ក្រុងសៀមរាប សម្រេចចាប់ផ្សឹកភ្លាមៗតែម្តង រួចប្រគល់ឲ្យឪពុកម្តាយយកត្រឡប់ទៅផ្ទះវិញ៕