សូមអបអរផង !! ក្រុមយុវជនអាយុក្រោម ១២ ឆ្នាំ ភ្នំពេញក្រោន នឹងត្រូវទៅ ចូលរួមពានរង្វាន់ Soong Ching Ling Cup 2019 នៅ ប្រទេសចិនដើមខែ សីហា ខាងមុខនេះ

0
243

ក្រុម​យុវជន​អាយុ​ក្រោម​១២​ឆ្នាំ ភ្នំពេញ​ក្រោ​ន នឹង​ក្លាយជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុងចំណោម​បណ្តា​ប្រទេស​នា​តំបន់​អាស៊ាន​ផ្សេងទៀត ត្រូវ​ទៅ​ចូលរួម​ពានរង្វាន់ Soong Ching Ling Cup 2019 នៅ​ប្រទេស​ចិន ដើមខែ​សីហា ខាងមុខនេះ នេះ​បើ​យោងតាម​ការប្រកាស​ដោយ​ក្លឹប​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។

​ព្រឹត្តិការណ៍​ គឺ​ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ដោយមាន​ចិន ធ្វើជា​ម្ចាស់ផ្ទះ តាមរយៈ​ការអញ្ជើញ​ក្រុម​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម ដែល​មាន​រយៈពេល ៨​ថ្ងៃ ធ្វើឡើង​ដោយមាន​ការប្រកួត​ផង និង​ចែករំលែក​បទពិសោធន៍ តាមរយៈ​ការផ្លាស់ប្ដូរ​វប្បធម៌​ផ្សេងៗ​ពីគ្នា​តាម​ប្រទេស​រៀងៗ​ខ្លួន ក៏ដូចជា​រឹតចំណង​មិត្តភាព​ផងដែរ​។

​សម្រាប់​ក្រុមយុវជន​អាយុ​ក្រោម​១២​ឆ្នាំ ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំនេះ​នឹងត្រូវ​ដឹកនាំ​អ្នកគ្រូ​បង្វឹក ម៉ៅ សា​វីន រួមជាមួយ​ជំនួយការ​២​រូប​ទៀត​មាន លោក គីម លាប​ហ្វុ​ង និង​អ្នកគ្រូ ង៉ែ​ន សម្រស់ នឹងត្រូវ​ដឹកនាំ​ក្រុម​កីឡាករ​ចំនួន​១៥​នាក់​ដើម្បី​ទៅ​ចូលរួម​ពានរង្វាន់​ខាង​លើ ដែល​គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​០៩ ខែសីហា នៅ​ទីក្រុង Xianghe ខេត្ត Hebei ប្រទេស​ចិន​។

ការប្រកួត​នឹង​មាន​ការចូលរួម​ពី​ក្រុម​មកពី​តាម​បណ្តា​ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ បូករួម​ចិន​ជា​ម្ចាស់ផ្ទះ​។ បញ្ជាក់​សម្រាប់​រូបមន្ត​នៃ​ការប្រកួត​គឺ៧​ទល់​៧​។

ចាំបាន​ថា ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​មាន​យុវជន​ក្មេងៗ​ចំនួន ១៥០​នាក់​បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ដដែល​ខាងលើ​នេះ​ ដោយមាន​ប្រទេស​ចំនួន​៨​ចូលរួម រួមមាន​ម្ចាស់ផ្ទះ​ចិន កម្ពុជា ឡាវ ថៃ វៀតណាម មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ខណៈ​សិង្ហ​បុរី និង​ម៉ាឡេស៊ី រួមជាមួយ​ទី​ម័​រ​ខាងកើត​ពុំបាន​ចូលរួម​ឡើយ​។

ជា​លទ្ធផល​កាលពី​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង ក្រុម​ដែល​ទទួល​បាន​ជើងឯក​គឺ​ក្រុម U-12 ឡាវ ស្រប​ពេល​ដែល​ថៃ បាន​លេខ​២ និង​ម្ចាស់ផ្ទះ​ចិន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣៕ប្រភព៖ Kampuchea Thmey Daily