សូមចូលរួមត្រេកអរ!! ដល់សិស្សដែលបោះបង់ចោលការសិក្សា ក្រសួង២ពង្រីកមណ្ឌលសិក្សាអប់រំកម្រិតមូលដ្ឋានតាម អឺនធឺណិតដោយ ឥតគិតថ្លៃ

0
321

ភ្នំពេញ ​៖ ​ក្រសួង​២ ពង្រីក​មណ្ឌល​សិក្សាអប់រំ​កម្រិត​មូលដ្ឋាន​តាម​អឺ​ន​ធឺ​ណិ​ត​ដោយ​ឥតគិតថ្លៃ ចំនួន​២​បន្ថែមទៀត សម្រាប់​សិស្ស​បោះបង់ចោល​ការសិក្សា ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ឱកាស​សិក្សា​ឡើងវិញ​រហូតដល់​បញ្ចប់​ថ្នាក់​ទី​៩​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា របស់​ក្រសួង​ការងារ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ ក្រសួង​អប់រំ​យុវជន និង​កីឡា​និង​អង្គការ​យូណេស្កូ​ចុះ​ថ្ងៃទី​១០​កក្កដា​ ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​ មណ្ឌល​សិក្សា​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ិន​ធឺ​ណេ​ត ចំនួន​២​បន្ថែម​ទៀត​នេះ​មាន​ទីតាំងនៅ​ខេត្ត​សៀមរាប​ដែល​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១១ កក្កដា​នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការពង្រីក​វិសាលភាព​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ិន​ធឺ​ណេ​ត ដែល​មាន​វគ្គ​សិក្សា​ចំនួន ១១ មុខ សម្រាប់​ឲ្យ​សិស្ស​បោះបង់ចោល​ការសិក្សា​ជ្រើសរើស​សិក្សា ដោយ​ឥតគិតថ្លៃ​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ការអប់រំ​ដែលមាន ភាព​បត់បែន ដល់​យុវជន​ដែល​បាន​បោះបង់​ការសិក្សា ដើម្បី​ឲ្យ​ពួកគេ​បញ្ចប់​ការសិក្សា​ថ្នាក់​មូលដ្ឋាន ដែលមាន​តម្លៃ​ស្មើនឹង​ថ្នាក់​ទី​៩​និង​ជួយ​ឲ្យ​យុវជន​កម្ពុជា​អាច​មាន​លទ្ធភាព​បន្ត​ការសិក្សា​ប្រកបដោយ​ចំណេះដឹង និង ជំនាញ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព និង​បំនិន​ជីវិត​។

គួរ​បញ្ជាក់​ថា សិស្ស​ដែល​បាន ចុះឈ្មោះ នឹងត្រូវ​បាន​ផ្តល់​ជូន​នូវ​សេវា​អ៊ិន​ធឺ​ណេ​ត​ដោយ Smart Axiata ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ស្របតាម​តម្រូវការ​របស់​ពួកគេ​។ ចំពោះ​សិស្ស​ដែល​បានបញ្ចប់​មុខវិជ្ជា​ទាំងអស់នេះ​ដោយ​ជោគជ័យ នឹង​ឆ្លងកាត់​ការវាស់ស្ទង់​សមត្ថភាព​តាមរយៈ​ការប្រឡង និង​ទទួលបាន​វិញ្ញាបនបត្រ​អប់រំ​មូលដ្ឋាន និង​មានឱកាស​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​វិជ្ជាជីវៈ ឬក៏​នៅតាម គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

កម្មវិធី​នេះ គឺ​មាន​ការ​គាំទ្រ​ពី​ក្រុមការងារ​ផ្តួចផ្តើម​កម្មវិធី​របស់​អង្គការសហប្រជាជាតិ ស្តីពី​ការងារ​យុវជន​នៅ កម្ពុជា វគ្គ​សិក្សា​ប៊ី​ប​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​នៅលើ​បណ្តាញ​នៃ​កម្មវិធី Moodle ជា​ភាសា​ខ្មែរ ដែលមាន ការ​សហការ​រវាង ប៊ី​ប និង មជ្ឈមណ្ឌល EdTech នៃ​អង្គ​ការអប់រំ​ពិភពលោក ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​សាក ល្បង​នៅក្នុង ១០​មណ្ឌល​សិក្សា ក្នុង​នោះ​រួមមាន ៥​មណ្ឌល នៅ​រាជធានី​ភ្នំពេញ​និង ៥ មណ្ឌល នៅ​ខេត្តសៀមរាប។

លោក រស់ សុ​វាចារ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ធ្លាប់​បាន​មានប្រសាសន៍ថា​ កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត​ ឬ​ ហៅថា​ប៊ី​ប​នេះ​គឺ​តម្រូវ​ឲ្យ​សិស្ស​សិក្សា​ដោយ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទ ថេប​ប្លែ​ត ឬ​កុំព្យូទ័រ​បាន​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​ទីកន្លែង​ដូចជា​នៅផ្ទះ ឬ​នៅ​កន្លែង​ណាក៏ដោយ ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន។

លោក​បាន​បន្ត​ថា ​ប៉ុន្តែ​ជា​ជំហាន​ដំបូង​នេះ​ក្រសួង​ចង់​ឲ្យ​យុវជន​រៀន​នៅ​មជ្ឈមណ្ឌល​ផ្ទាល់​តែម្តង​ព្រោះថា ​នៅ​ក្នុង​មជ្ឈមណ្ឌល​នីមួយៗ​មាន​បំពាក់​ថេប​ប្លែ​ត​ចំនួន​១០​គ្រឿង​សម្រាប់​ឲ្យ​សិស្ស​រៀន​ទៅលើ​មុខវិជ្ជា​ចំនួន​១១ រួមមាន​ភាសា​ខ្មែរ គណិតវិទ្យា​កម្រិត​១ និង​កម្រិត​២ គីមីវិទ្យា រូបវិទ្យា យេនឌ័រ មូលដ្ឋានគ្រឹះ​មុខរបរ ភាសា​អង់គ្លេស សហគ្រិនភាព ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក​បាន​បន្ថែម​ទៀត​ថា ​តាម​គម្រោង​កម្មវិធី​នេះ​នឹង​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ចំនួន​១០​កន្លែង​ដែល​៥​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​៥​កន្លែង​ទៀត​នៅ​ខេត្ត​សៀមរាប​ ដែល​ការសិក្សា​មាន​រយៈពេល​៦​ទៅ​៨​ខែ​ដោយ​ក្នុង​១​វគ្គៗ​មាន​សិស្ស​ចូលរៀន​ចំនួន​២៥​នាក់​សិក្សា​តាមរយៈ​ទូរស័ព្ទ ថេប​ប្លែ​ត​ឬ​កុំព្យូទ័រ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ឧបត្ថម្ភ​ស៊ីម​កាត​ដោយ​ក្រុមហ៊ុន​ស្មា​ត​ដោយ​ឥតគិតថ្លៃ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​សិក្សា​ត្រូវ​ទៅកាន់​មជ្ឈមណ្ឌល​ចំនួន​២​ដង​ក្នុង​១​ខែ​ដើម្បី​ឲ្យ​គ្រូ​ធ្វើតេស្ត​វាស់​សមត្ថភាព​រហូត​ដល់​ប្រឡង​បញ្ចប់​វគ្គ​សិក្សា​ដែល​ទទួល​បាន​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើនឹង​បញ្ចប់​ថ្នាក់​ទី៩​ និង ​បន្ត​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ផ្សេងៗ​តាម​សាលា​បណ្តុះ​បណ្តាល​នៅក្នុង​កម្មវិធី​ស្ពាន​ចម្លង​របស់​ក្រសួង​ការងារ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​សិក្សា​២០១៧ ២០១៨​បាន​បង្ហាញ​ថា ​អត្រា​បោះបង់​ការសិក្សា​នៅ​កំរិត​មធ្យម​សិក្សា​ទុតិយភូមិ មាន​ចំនួន​១៨,៣ ភាគរយ ស្រី​មាន ១៧ ភាគរយ​៕ប្រភព៖ Kampuchea Thmey Daily