អបអរសារទរ !! ពលរដ្ឋក្រីក្រ រស់នៅដាច់ស្រយាលខេត្ត បាត់ដំបងទទួលបាន អណ្តូង ទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃ

0
312

ភ្នំពេញ​ ៖​ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្តបាត់ដំបង​ មានការ​ខ្វះខាត​តឹក​ស្អាត​នោះ​ សមាគម​មិត្តភាព​សភា ពាណិជ្ជ​ចិន​ហ្វូ​ជាន​នៅ​កម្ពុជា​បាន​ជួយ​ជីក​អណ្តូង​ទឹកស្អាត ​ចំនួន​៦​អណ្តូង​ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏ដូចជា​លើកស្ទួយ​ដល់​សុខភាព​ផងដែរ​។

មុន​ឈាន​ដល់​ជីក​អណ្តូង​ទាំងនេះ​ ក្រុមការងារ​របស់​សមាគម​បានធ្វើការ​វាយតម្លៃ​និង​ពិនិត្យមើល​ល្អិតល្អន់​ជាទីបំផុត​បន្ទាប់ពី​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ជាក់ស្តែង​ពី​ការលំបាក​និង​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ បឹង​ថ្មី ព្រៃតូច ព្រៃ​ត្រឡាច បាសាក់ និង​ស្រុក​ស្វាយ​យោ​ខេត្តបាត់ដំបង​កាលពី​ខែមីនា​កន្លងទៅនេះ។

អណ្តូង​ទឹក​ទាំង​៦​នេះ​ ត្រូវ​បានដាក់​ឲ្យ​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​ហើយដោយ​មានការ​ចូល​រួម​ពី​លោក​LIN ZHI SHENG អគ្គលេខាធិការ​សមាគម​មិត្តភាព​សភា ពាណិជ្ជ​ចិន​ហ្វូ​ជាន​នៅ​កម្ពុជា លោក ស្រី XU JIAN QIN ទីប្រឹក្សា​ គណៈក​ម្មា​ធិ​ការ​អង្គការ​មូលនិធិ​សប្បុរសធម៌​លោក​អនុប្រធាន ZHANG JIACAI, LI WENLONG, CHEN CAIDENG,LU SHENG លោកនាយក ZHU SHILIANG​និង WEI JINMING​ជា​សមាជិក រួមទាំង​សប្បុរសជន​ជាច្រើនរូប​ទៀត។

ក្រោម​ការដឹកនាំ​របស់​លោក​ប្រធាន QIU GUOXING និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​សហគ្រិន​ហ្វូជា​ន​ជា​ច្រើន​រូប សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន​ហ្វូ​ជាន​នៅ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សប្បុរសធម៌​សង្គម ដូចជា​ការ​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​ក្រីក្រ និង​ការឧបត្ថម្ភ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ជាដើម​ ដើម្បី​បង្កើត​នូវ​ភាព​កក់ក្តៅ​ក៏ដូចជា​ភាព​ស្រស់​បំព្រង​ក្នុងសង្គម​។

គួរ​បញ្ជាក់​ថា ​គិត​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ សមាគម​មិត្តភាព​សភា ពាណិជ្ជ​ចិន​ហ្វូ​ជាន​នៅ​កម្ពុជា​បានផ្តល់​អណ្តូងទឹក​ចំនួន ២៨ ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​៕ប្រភព Kompuchea Thmey Daily