ចិនបានព្រមានអាមេរិច មិនអោយធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាដាច់ខាត!!!

0
403

Qq(ប៉េកាំង)៖ ចិនបានព្រមានអាមេរិកចំៗតែម្តង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះ ព្រោះវាជាទង្វើដែលនឹងបំផ្លាញដល់សន្តិសុខ និងស្ថេរភាពអន្តរជាតិ ខណៈទំនាក់ទំនងរវាងមហាអំណាចទាំង ២ ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់ថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន News Week នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ការព្រមានខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីការចាប់ផ្ដើមឡើងវិញ នូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៣០ឆ្នាំមកនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា ទីក្រុងប៉េកាំងពិតជាមានការព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានព័ត៌មានថា សហរដ្ឋអាមេរិកកំពុងពិភាក្សាពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។

លោកស្រី Hua បានគូសបញ្ជាក់ដូច្នេះថា «សន្ធិសញ្ញា CTBT ដែលបានបង្កើតបទដ្ឋានអន្តរជាតិ លើការហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លែអ៊ែរ គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងអាវុធនុយក្លេអ៊ែរអន្តរជាតិ និងជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ការរំសាយ និងមិនឱ្យមានការរីកសាយអាវុធនុយក្លេអ៊ែរ… ដូច្នេះយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើយ ព្រោះវានឹងបំផ្លាញដល់សន្តិសុខ និងស្ថេរភាពពិភពលោក»។

គួរបញ្ជាក់ថា ព័ត៌មានថាក្រុមមន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីការចាប់ផ្ដើមឡើងវិញ នូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ត្រូវបានរាយការណ៍មុនគេកាលពីខែឧសភាកន្លងទៅ ដោយកាសែតអាមេរិក Washington Post។ កាសែតអាមេរិកបានបន្តទៀតថា គម្រោងធ្វើតេស្ថអាវុធនុយក្លេអ៊ែរនេះ គឺមានគោលបំណងបង្ខំឱ្យចិន និងរុស្ស៊ីចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រីភាគីថ្មីមួយ ខណៈកិច្ចព្រមព្រៀងចាស់ START នឹងត្រូវអស់សុពលភាពនៅខែកុម្ភៈ ឆ្នាំក្រោយនេះហើយ។ ប៉ុន្តែចិនធ្លាប់បានប្រកាសបដិសេធជាច្រើនលើកថា ខ្លួននឹងមិនចូលរួមឡើយ៕ប្រភព៖ Fresh News