អាជ្ញាធរខណ្ឌឫស្សីកែវ ចុះរុះរើសំណង់ផ្ទះឈើ ដែលសង់លយលើផ្លូវសាធារណៈដល់ទៅ២ម៉ែត្រ

0
301

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឫស្សីកែវ ចុះរុះរើសំណង់ផ្ទះឈើ ដែលសង់លយលើផ្លូវសាធារណៈដល់ទៅជិត២ម៉ែត្រ ធ្វើឲ្យប៉ះពាល់ដល់ការងារមន្ត្រីជំនាញ កំពុងបន្តគាស់កាយដាក់ប្រព័ន្ធលូធំៗបង្ហូរទឹក ដើម្បីរំដោះការលិចលង់ និងគ្រោងស្ថាបនាផ្លូវឲ្យរួចរាល់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការសម្រេចរុះរើសំណង់ខាងលើនេះ ដឹកនាំដោយលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពីអាជ្ញាធរសង្កាត់-ភូមិ-ក្រុម ក្រោយពីចេញសេចក្ដីជូនដំណឹងជាច្រើនលើកមកហើយ ដើម្បីឲ្យម្ចាស់ផ្ទះជួយសហការផ្ដល់ភាពងាយស្រួល ក្នុងការដាក់ប្រព័ន្ធលូបង្ហូរទឹក និងគ្រោងស្ថាបនាផ្លូវលេខ១៨០០ តភ្ជាប់ទៅផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក នេត តោន ចៅសង្កាត់រងទី១ សង្កាត់ទួលសង្កែទី២ បានលើកឡើងថា សម្រាប់ក្រុមការងារជំនាញ របស់រដ្ឋាករស្វ័យតរាជធានីភ្នំពេញ ដែលកំពុងបន្តសកម្មភាពស្ដារកាយដីដាក់ប្រព័ន្ធលូបង្ហូរទឹក អាចដំណើរការទៅបានដោយរលូននាពេលកន្លងមក ដោយសារតែមានកិច្ចសហការល្អ ពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅអមសងខាងផ្លូវលេខ១៨០០នេះ។

តែចម្លែកអីតែក្រុមគ្រួសាររបស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលសង់ផ្ទះលយលើចិញ្ចើមផ្លូវសាធារណៈ ដល់ទៅជិត២ម៉ែត្រ មិនព្រមសហការជាមួយអាជ្ញាធរឡើយ បណ្ដាលឲ្យមានការយឺតយ៉ាវក្នុងការស្ដារដាក់ប្រព័ន្ធលូ ទើបឈានដល់ប្រើវិធានការរុះរើសំណង់ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ បន្ទាប់ពីអាជ្ញាធរចេញសេចក្ដីជូនដំណឹងច្រើនលើកច្រើនសារមកហើយ៕ប្រភព fresh news