ដើម្បបញ្ជាក់ពីភាពស្អាតស្អំព្រះសង្ឃ ទូទាំងខេត្តប៉ៃលិន អាច នឹង ត្រូវចូលរួមធ្វើតេស្តរកសារធាតុញៀន

0
243

ប៉ៃលិន​ ៖ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ​ឆ្នាំ២០១៩ នៅ​បរិវេណ​វត្ត​កោង​កាង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន លោក​ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​កងកម្លាំង និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ព្រះសង្ឃ​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​ចូលរួម​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា​ គ្មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន។

ពិធី​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ លោកគ្រូ អ្នកគ្រូ និង​យុវជន​កាយ​រិ​ទ្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

លោក​ផាន់​ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​លើកឡើង​ថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ចម្បង ដែល​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ កំពុងតែ​ខិតខំ​យកចិត្តទុកដាក់ ជាពិសេស​គឺ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ហើយ​ចំពោះ​ខេត្ត​ប៉ៃលិន នា​ពេល​កន្លងមក កងកម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​យើង បាន​ចុះ​ធ្វើ​សកម្មភាព យ៉ាងសកម្ម ក្នុង​ការ​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន នៅ​តាម​ដងផ្លូវ និង​នៅ​កន្លែង​កម្សាន្ត​នានា​ខេត្ត​ប៉ៃលិន ក្នុង​នោះ មានការ​ធ្វើតេស្ត ដល់​អ្នក​ធ្វើ​ដំណើរ ដោយ​រកឃើញថា​ មាន ៥០% ផ្ទុក​នូវ​សារធាតុ​ញៀន​ផងដែរ​។

ជា​មួយ​គ្នា​នេះ ​លោក​អភិបាលខេត្ត ក៏​បាន​សូម​អំពាវនាវ ដល់​កងកម្លាំង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ព្រះសង្ឃ​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវ​ចូលរួម​គ្នា ធ្វើតេស្ត​រក​សារ​ធាតុ​ញៀន​ទាំងអស់​គ្នា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ហើយ​ក៏​បង្ហាញ​ផង​ដែរ​ថា ​ព្រះសង្ឃ នៅ​ខេត្ត​ប៉ៃលិន គ្មាន​ផ្ទុក​សារធាតុ​ញៀន​ផងដែរ​។

ជា​មួយ​គ្នា​នេះ ត្រូវ​បន្ត​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​មន្ត្រី​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​ចៀសវាង ឲ្យបាន​ជាដាច់ខាត​នូវ កុំ​៤ គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​គ្រឿងញៀន។

សូម​បញ្ជាក់​ថា​ បើ​តាម​របាយការណ៍ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ក្នុង​ពិធី​នេះ មានការ​ផុត​បំផ្លាញ​គ្រឿងញៀន​ចំនួន​២​ប្រភេទ​គឺ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន​៣១​គ្រាប់​ស្មើនឹង​ទម្ងន់​៥,៧៤​ក្រាម និង​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ១​តូច ១​ធំ​សរុប​មាន​ទម្ងន់​១២២,៣២​ក្រាម ផង​ដែរ​៕ប្រភព Kompuchea Thaey
សេង សុវណ្ណារិទ្ធ